កម្ពុជានឹងមានកំណើនសេដ្ឋកិច្ចផលិតផលសរុប០,៥%បន្ថែមទៀត បើកាត់បន្ថយថ្ងៃឈប់សម្រាក៧ថ្ងៃ
យោងតាមសំណូមពររបស់វិស័យឯកជន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន នាព្រឹកថ្ងៃសុក្រនេះ បានប្រកាសថា រដ្ឋាភិបាលនឹងធ្វើការកាត់បន្ថយថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យចំនួន៧ថ្ងៃ ក្នុងមួយឆ្នាំ។ តាមលោក ហ៊ុន សែន ការកាត់បន្ថយថ្ងៃឈប់សម្រាកនេះ នឹងធ្វើឲ្យមានកំណើនសេដ្ឋកិច្ច០,៥ភាគរយ។
ឆ្លើយតបទៅនឹងលោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចថានឹងធ្វើការកាត់បន្ថយចំនួនថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យចំនួន៧ថ្ងៃ ដោយចាប់ផ្តើមអនុវត្តពីឆ្នាំ២០២០តទៅ។
ការធ្វើការបន្ថែមចំនួន៧ថ្ងៃ វានឹងជម្រុញកំណើនសេដ្ឋកិច្ច ផលិតផលសរុបចំនួន ០,៥ភាគរយ ពោលគឺឡើងពី៦,៥ភាគរយ ទៅ៧ភាគរយ នៅក្នុងឆ្នាំ២០២០។ នេះបើតាមលោក ហ៊ុន សែន។ ក៏ប៉ុន្តែដំណឹងនៃការកាត់បន្ថយថ្ងៃឈប់សម្រាកនេះ ត្រូវបានអ្នកសហជីពមួយចំនួនយល់ថា ជាការចំណេញដល់និយោជក និងមានប៉ះពាល់ដល់ថ្ងៃឈប់សម្រាករបស់កម្មករ ដែលមួយសប្តាហ៍ធ្វើការរហូតដល់៤៨ម៉ោង ច្រើនជាងប្រទេសដទៃដែលមានតែ៤៤ម៉ោង។
តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទជាសំណួរថា តើគេគួរទុកឲ្យថៅកែនៅរកស៊ីជាមួយយើង ឬក៏ឲ្យថៅកែដកចេញពីកម្ពុជា? លោកនាយករដ្ឋមន្ត្រី លើកឡើងថា ដៃគូប្រកួតប្រជែងនាំចេញសម្លៀកបំពាក់របស់កម្ពុជា មាន ភូមា បង់ក្លាដែស ឡាវ គេមានថ្ងៃឈប់សម្រាកតិចជាងកម្ពុជា រួមនឹងប្រាក់បៀវត្សទាបជាងកម្ពុជា ដែលនេះចៀសវាងត្រីរស់ ក៏រួច ទន្សាយក៏រួច។
ទោះយ៉ាងណា លោក ហ៊ុន សែន ក៏ស្នើឲ្យមានការពិគ្រោះពិភាក្សាគ្នាដែរ មុននឹងឈានទៅធ្វើប្រតិទិន ថ្ងៃឈប់សម្រាកសម្រាប់ឆ្នាំ២០២០ ខណៈដែលមានការបង្ហើបការគិតថា មានការកាត់ថ្ងៃឈប់សម្រាកចំរើនព្រះជន្មព្រះមហាក្សត្រពី៣ថ្ងៃឲ្យមកនៅ១ថ្ងៃ ហើយថ្ងៃបុណ្យធំៗរយៈពេល៣ថ្ងៃផ្សេងទៀតត្រូវរក្សាទុកដដែល។
សូមបញ្ជាក់ថាប្រទេសកម្ពុជាបច្ចុប្បន្ន មានថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យចំនួនពី២៨ទៅ៣០ថ្ងៃ។ គេហទំព័រ Worldatlas ដែលធ្វើការអង្កេតទាក់ទងទៅនឹងពេលវេលាឈប់សម្រាករបស់ប្រទេសនានានៅលើពិភពលោក បង្ហាញថាប្រទេសស្រីលង្ការជាប់ចំណាត់ថ្នាក់បន្ទាប់ពីកម្ពុជា ដែលមានថ្ងៃឈប់សម្រាកប្រចាំឆ្នាំចំនួន២៥ថ្ងៃ បន្ទាប់មកប្រទេសឥណ្ឌា និងការហ្សាស្ថាន ២១ថ្ងៃ និងតាមពីក្រោយដោយប្រទេសកូឡំប៊ី ហ្វីលីពីន ទ្រីនីដាត និងតូបាហ្គូ ចិន ថៃ តួកគី និងប៉ាគីស្ថាន ដែលប្រទេសទាំងនេះមានថ្ងៃឈប់សម្រាកប្រចាំឆ្នាំតែជាង១០ថ្ងៃប៉ុណ្ណោះ៕
ប្រភព វិទ្យុភាសាបារាំងRFI ផ្សាយជាភាសាខ្មែរ
ចុះផ្សាយថ្ងៃ 29/03/2019
No comments:
Post a Comment